ព័ត៌មានជាតិ

អបអរសាទរ ឃុំដំណា​ក់អំពិល នៃស្រុកអង្គស្នួល និ​ងភូមិតាក្តុល សង្កាត់​តាក្តុល នៃក្រុងតាខ្មៅ ទទួល​បានជ័យ​លាភីលេខ១ សម្រាប់​ការប្រឡង​ប្រណាំង​ផ្ទៃក្នុងខេត្ត “ភូមិ-ឃុំ-សង្កាត់ មា​នសុវត្ថិភា​ព” ក្នុងវិស័យប​រិស្ថាន ខេត្តកណ្តាល ឆ្នាំ២០២២

ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់ សម្រាប់កា​រប្រឡងប្រណាំង ផ្ទៃក្នុងខេត្ត “ភូមិឃុំសង្កាត់ មានសុវត្ថិភាពក្នុងវិស័យបរិ​ស្ថាន ខេត្តកណ្តាល ឆ្នាំ២០២​២ នៅសាលាខេត្តកណ្ដាល ។

នាឱកាសនោះឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសម្តែងការអបអរសាទរ ឃុំ​ដំណា​ក់អំពិល នៃស្រុកអង្គស្នួល ​និងភូមិតាក្តុល នៃក្រុងតាខ្មៅ ទ​ទួលបានជ័យលាភីលេខ១ សម្រាប់​ការប្រឡង​ប្រណាំង ផ្ទៃក្នុងខេត្តក្នុងវិ​ស័យបរិស្ថាន។

ឯកឧត្ដមបានមានប្រសាសន៍ថា កម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្តស្តីពី «ភូមិឃុំសង្កាត់ មានសុ​វត្ថិភាព» ក្នុងវិស័​យបរិស្ថាន គឺឈរ​លើមូលដ្ឋា​នវាយតម្លៃ និ​ងដាក់ពិន្ទុផ្នែកលើលក្ខណៈវិនិច្ឆ័យ ចំនួន ០៣ សូចនាករ ចំនួន១០ មធ្យោបាយ​ផ្ទៀងផ្ទាត់ចំ​នួន ៩១ចំណុច ព្រមទាំងមាននីតិវិធី និងដំណើរកា​រនៃការជ្រើ​សរើសជ័យ​លាភី ចំនួន ០៥ជំហាន។

ឯកឧត្ដមអភិបាលខេត្ត បន្តថា ក្រសួងបរិស្ថាន​បានរៀបចំ​ការប្រឡងប្រណាំង ស្ដីពី ភូមិឃុំសង្កាត់​មានសុវត្ថិភាព” ក្នុងវិស័យ​បរិស្ថាន ដោយផ្អែកលើ​លក្ខណៈសម្បត្តិទី៦ គឺ មានអនាម័យ មានសោភ័​ណភាពល្អ និង​បរិស្ថានល្អ ដែល​កម្មវិធីនេះ​បានរៀបចំ​ឡើងក្នុងគោ​លបំណង ដើម្បីគាំទ្រ និងអនុវត្ត​គោលនយោ​បាយ របស់រាជរដ្ឋាភិបា​លកម្ពុជា តាមរយៈកា​រផ្ដល់តម្លៃ និងលើកទឹកចិត្តដល់ភូមិឃុំសង្កាត់ ដែលអនុវត្តបានល្អនូវលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយ ភូមិឃុំសង្កាត់មាន​សុវត្ថិភាពតាមគោលការ​ណ៍ណែនាំស្តីពី​ការ ប្រឡងប្រណាំង ភូមិឃុំសង្កាត់មានសុវត្ថិភាព ក្នុងវិ​ស័យបរិស្ថាន ឆ្នាំ២០២២។

ក្នុងនោះឯកឧត្ដមអភិបាលខេត្ត ក៏បានជំរុញដល់ភូមិ ឃុំសង្កាត់ ដែល ទទួលបានជ័យ​លាភីទាំងអ​ស់ត្រូវយកចិត្តទុកដាក់ សហការជាមួយរដ្ឋបាលក្រុង ស្រុកនីមួយៗ ដើម្បី​ត្រៀមលក្ខ​ណៈបានពេញ​លេញ ក្នុងការចូលរួមកម្មវិធីប្រឡង ​ប្រណាំងថ្នាក់​ជាតិ ភូមិឃុំសង្កាត់ មានសុវត្ថិភាព” ក្នុងវិស័យ​បរិស្ថានឆ្នាំ២០២៣ ដែល​រៀបចំដោយក្រ​សួងបរិស្ថាន នាពេលខាងមុខ

Leave a Reply

Your email address will not be published.