(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃអង្គារ ៦ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការងារប្រុងប្រៀប បិទវគ្គ ហ្វឹកហ្វឺន ពង្រឹង វរ សេនាតូចថ្មើរជើងលេខ៥១៣ ,វគ្គបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាគុន កងយោធពលខេមរភូមិន្ទ និងបើកវគ្គហ្វឹកហ្វឺនទូទៅនៅហ្នឹងកន្លែង អង្គភាពទីបញ្ជាការកងពល និង វរសេនាតូចថ្មើរជើងលេខ៥១៤ នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង កងពល នាយការិយាល័យ ផ្នែកជំនាញ មេបញ្ជាការ កងអនុសេនាធំចំណុះទីបញ្ជាការកងពល និងមេបញ្ជាការ វរសេនាតូចថ្មើរជើងទាំង៤។
មានប្រសាសន៍ បើកអង្គប្រជុំ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា ការងារប្រុងប្រៀបរៀបចំពិធីបិទ និងបើកវគ្កហ្វឹកហ្វឺននេះគឺតាមផែនការដែលថ្នាក់លើប្រគល់ជូន ដើម្បីបន្តពង្រឹងសមត្ថភាព ដល់យោធិនឲ្យបានជាប្រចាំ ធានាបានូវ ភារកិច្ចការពារបូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានគូសបញ្ជាក់ថា ក្នុងឱកាសប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាសមាស សម្រាប់កងទ័ពធ្វើការហ្វឹកហ្វឺន បំប៉នជំនាញ យុទ្ធវិធីបណ្តុះឆន្ទៈមនស្សិកា ស្នេហាជាតិ ក្នុងកិច្ចការពារជាតិមាតុភូមិ និងប្រជាជន ។ពិសេសកងកម្លាំងដែលហ្វឹកហ្វឺន ត្រូវត្រៀមអន្តរាគមន៌ ទាំងកម្លាំង មធ្យោបាយ និងសម្ភារ តាមផែនការ ដើម្បីធានាចេញប្រតិបត្តិការជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ក្នុងភូមិសាស្រ្ត ទទួលខុសត្រូវ បានទាន់ពេលវេលា។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងពល បានអប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់កងកម្លាំងទាំងអស់បន្តប្រុងប្រយ័ត្នការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ–១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការ ៣ការពារ និង៣កុំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕