
អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អគាររដ្ឋបាលសាលាស្រុកស្អាង
ខេត្តកណ្តាល៖ ថ្លែងក្នុងពិធីបើកការរដ្ឋានសាងសង់អគាររដ្ឋបាល ស្រុកស្អាង ដែលមានទំហំ ២៨ម៉ែត្រ x ១៣ ម៉ែត្រ កម្ពស់ ២ជាន់ ស្ថិតនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក–លោកស្រីប្រធាន–អនុប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋជាង ៦០០ នាក់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈអភិបាលស្រុកស្អាង អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការបើកការរដ្ឋានសាងសង់អគាររដ្ឋបាលស្រុកស្អាងនេះឡើង ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព សំដៅបម្រើដល់ផលប្រយោជន៍សាធារណៈជូនប្រជាជនទូទៅប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ជាមួយគ្នានោះដែរឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា អគាររដ្ឋបាលសាលាស្រុកស្អាងដែលកំពុងតែងសាងសង់នេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ស្រុកស្អាង ក្នុងវិស័យសេដ្ឋកិច្ច–សង្គម ដែលជាទីកន្លែងសម្រាប់មន្ត្រីរដ្ឋបាលស្រុក បំពេញការងារ ផ្តល់សេវា ផ្តល់នូវពុទ្ធិ ប្រកបដោយសោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ។ក្នុងនោះ ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំលឹកដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ–សង្កាត់ មានសុវត្ថិភាព» ឱ្យទទួលបានចំណាត់ថ្នាក់ល្អ។ ត្រូវបន្តអនុវត្តផែនការចុះបញ្ជីដីទាំងដីរដ្ឋ ដីសាធារណៈរបស់រដ្ឋ និងដីសម្បទានសេដ្ឋកិច្ច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ត្រូវខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ជាពិសេសវិវាទដីធ្លីដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនា–សង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម–សេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ។ ជាពិសេសរដ្ឋបាលស្រុក ត្រូវបន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្ត ឱ្យបានតាមទិសស្លោក “ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព” ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទជូនប្រជាពលរដ្ឋ៕