ខេត្តកណ្ដាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ អញ្ជើញសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុជូនប្រជាពលរដ្ឋចំនួន៣៩៩ប័ណ្ណ នៅភូមិកោះរំដួល សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសម្ដែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋ ដែលនឹងទទួលបាន នូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀត លើកម្មសិទ្ធរបស់ខ្លួន។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវស្មារតីយកចិត្តទុកដាក់ខិតខំអនុវត្តភារកិច្ច បម្រើសេវាជូនប្រជាពលរដ្ឋរបស់មន្ត្រីចុះបញ្ជីទាំងអស់ មន្ទីរ–អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបាន ចូលរួមអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលបានខិតខំពុះពាររាល់ការលំបាករហូតឈានដល់ការចែកប័ណ្ណជូនប្រជាពលរដ្ឋនាពេលនេះ សកម្មភាពរបស់អស់លោក លោកស្រី ក៏ជាការរួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី។
ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដីមិនបានចូលរួមធ្វើប្លង់ និងអ្នកមានទំនាស់ សូមធ្វើការសម្របសម្រួល និងសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើការបញ្ចប់រាល់ទំនាស់ទាំងឡាយ ងាយស្រួលដល់ក្រុមការងារចេញប័ណ្ណជូនផងដែរ។
លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា ការចុះបញ្ជីរួចរាល់ ក្នុងភូមិកោះរំដួល ដែលនឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនម្ចាស់កម្មសិទ្ធិ មានចំនួន ៣៩៩ក្បាលដី ដីដែលមិនព្រមចូលរួមមានចំនួន ២២ក្បាលដី និងមានទំនាស់ចំនួន២។លោកបានបន្ថែមថា គិតមកដល់ពេលនេះ រដ្ឋបាលខេត្តបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ១៦៤ លើកស្មើ នឹង ២៤៤,៣៩៣ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី១៦៥នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្ដល់ ជូនប្រជាពលរដ្ឋមកពីភូមិកោះរំដួល សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ សរុបចំនួន ៣៩៩ ប័ណ្ណ៕