
សម្ដេចតេជោ ហ៊ុន សែន ៖ មុននឹងតែងតាំង និងដំឡើងឋានៈតួនាទីដល់មន្ត្រីណាមួយ ត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមុនសិន ព្រោះធ្វើយ៉ាងនេះ ដើម្បីអោយកម្រិតចំណេះដឹងរបស់មន្ត្រីយើងក៏មានភាពល្អប្រសើរ
(ភ្នំពេញ)៖មានប្រសាសន៍សំណេះសំណាលក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ណែនាំដល់និស្សិតខ្មែរ ខ្មែរ–អ៊ីស្លាម ដែលកំពុងសិក្សាទៅប្រទេសស៊ូដង់ ជាទីកំពុងមានសង្គ្រាមនោះ ត្រូវបានជម្លៀសមកកាន់ប្រទេសអារ៉ាប់ប៊ីសាអូឌីតហើយ និងបន្តមកកាន់ប្រទេសម៉ាឡេស៊ី ជាទីដែលមានសុវត្ថិភាព។សម្តេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ដល់ប្រទេសម៉ាឡេស៊ី ដែលបានបញ្ជូននាវាទៅជម្លៀសប្រជាជនរបស់ខ្លួនចេញពីតំបន់សង្គ្រាមក្នុងប្រទេសស៊ូដង់ ក្នុងនោះក៏មាននិស្សិតខ្មែរផងដែរ។សម្តេចក៏បានអំពាវនាវដល់ក្រុមគ្រួសារនិស្សិត ខ្មែរ–អ៊ីស្លាម កុំមានការព្រួយបារម្ភពីសុវត្ថិភាពពួកគេ។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី សុំអោយមានការគិតគូរឡើងវិញពាក់ព័ន្ធអនុក្រឹត្យចាស់ ដែលត្រូវនិរាសករណ៍ និងជំនួសដោយអនុក្រឹត្យថ្មី ដើម្បីធានានិរន្តរភាពសត្វផ្សោត ដែលបច្ចុប្បន្នកំពុងរងគ្រោះ និងគំរាមកំហែង នៅខេត្តក្រចេះ។ក្នុងនោះសម្តេចតេជោ បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវពិនិត្យ និងគ្រប់គ្រងឲ្យបានច្បាស់លាស់ចំពោះបងប្អូននេសាទ ដែលធ្វើការនេសាទនៅតំបន់មានសត្វផ្សោត ខណៈបងប្អូននេសាទខ្លះនៅបន្តដាក់មងក្រឡាធំ ដែលបានធ្វើសត្វផ្សោតងាប់ជាបន្តបន្ទាប់។
សម្តេចតេជោ បានមានប្រសាសន៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ដើម្បីភាពល្អប្រសើរ នៃការបំពេញការងារបម្រើប្រជាពលរដ្ឋ។ សម្តេចតេជោ បានបញ្ជាក់ថា មន្ត្រីត្រូវចេះកែទម្រង់ខ្លួនឯង ឧទាហរណ៍ដូចជា បច្ចុប្បន្ននេះជាសម័យ Digital ទៅហើយ តែបើមនុស្សមិនDigitalក៏មិនអាចទៅរួចដែរ។
សម្តេចតេជោ បានមានប្រសាន៍បញ្ជាក់ថា បើចង់កែទម្រង់ស្ថាប័ន គឺត្រូវកែទម្រង់មនុស្សជាមុនសិន ព្រោះមនុស្សជាអ្នកដឹកនាំស្ថាប័ន។ជាមួយគ្នានោះដែរសម្តេចបន្តជំរុញឱ្យក្រសួងស្ថាប័នបន្តពង្រឹងសមត្ថភាពធនធានមនុស្សថែមទៀត ដើម្បីបំពេញតម្រូវការមន្រ្ដីដល់រាជការ។ សម្តេចបានមានប្រសាសន៍បន្តថា មុននឹងតែងតាំង និងដំឡើងឋានៈតួនាទីដល់មន្ត្រីណាមួយ ត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមុនសិន ព្រោះធ្វើយ៉ាងនេះ ដើម្បីអោយកម្រិតចំណេះដឹងរបស់មន្ត្រីយើងក៏មានភាពល្អប្រសើរ៕