មន្រ្តីជាន់ខ្ពស់ និងសកម្មជនកាន់តែច្រើនបានសម្រេចចាកចេញពីភ្លើងទៀន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា!

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ និងសកម្មជនសំខាន់ជាច្រើនបានសម្រេចចាកចេញគណបក្សភ្លើងទៀន ដើម្បីរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។

យោងតាមការបង្ហោះតាមផេកផ្លូវការរបស់ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីបានសសេរមានខ្លឹមសារថា៖
តាមប្រសាសន៍ណែរនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោប្រធានគណបក្ស នៅព្រឹកថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២៣ ឯកឧត្តមអ្នកឧកញ៉ា លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី បានទៅកាន់ខេត្តស្វាយរៀងដើម្បីណែនាំបងប្អូនដែលជាសកម្មជនជាន់ខ្ពស់មកពីគណបក្សភ្លើងទៀនចំនួន៩នាក់ ដែលបានស្ម័គ្រចិត្តវិលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន ប្រគល់ជូនទៅឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តនិងជាប្រធានគណបក្សប្រជាជនខេត្តស្វាយរៀងដើម្បីគ្រប់គ្រងដឹកនាំការងារបន្ត។

ឯកឧត្តម ដួង តារា បានអរគុណឯកឧត្តមប្រធានគណបក្សខេត្ត និង មន្ត្រីគណបក្សខេត្តស្វាយរៀងទាំងអស់ដែលបានយកចិត្តទុកដាក់សហការទទួលបងប្អូនដោយក្តីសោមនស្សរីករាយនិងស្និទ្ធស្នាលបំផុត។

ឯកឧត្ដម ដួង តារា រីករាយជាមួយក្តីស្រឡាញ់ពីបេះដូងដែលបានទទួលបងប្អូនទាំង៩នាក់ជាមន្រ្តីជាន់ខ្ពស់នៃគណបក្សភ្លើងទៀន សម្រេចចិត្តវិលមករួមរស់ជាមួយមហាគ្រួសារគណបក្សប្រជាជនក្រោមម្លប់ដឹកនាំសម្តេចតេជោ ហ៊ុន សែន :
១. លោក រ័ត្ន ចំរើន (ជាអនុប្រធានគណបក្សភ្លើងទៀនខេត្តស្វាយរៀង និងជាអតីតប្រធានគណបក្ស សម រង្សី ប្រចាំប្រទេសដាណឺម៉ាក (Denmark) តាំងពីឆ្នាំ ២០០៦-២០២៣
២. លោក វ៉ាន់ សឿន (ជាអនុប្រធានបក្សភ្លើងទៀន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង)
៣.លោក ប៊ិន សាវឿន (ជាសមាជិកប្រតិបត្តិស្រុករមាសហែក ភ្លើងទៀន ធ្លាប់ជាអតីតជំទប់ទី២បក្សសិទ្ធិមនុស្សឃុំជ្រៃធំ និងជាអតីតជំទប់ទី១បក្សសង្គ្រោះជាតិឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង)
៤.អ្នកស្រី សេក សោភ័ណ្ឌ (ជាបេក្ខភាពលេខរៀងទី៤ ភ្លើងទៀន ឃុំកំពង់ចំឡង ខេត្តស្វាយរៀង)
៥.លោក ខាត់  វណ្ណី  (អនុប្រធានភ្លើងទៀនស្រុកស្វាយជ្រុំ ស្វាយរៀង)
៦.លោក ម៉ៅ វី (ប្រតិបត្តិបេក្ខភាពលេខ១ភ្លើងទៀន ឃុំសំយោង ស្វាយរៀង ក៏ជាសមាជិកអចិន្រ្តៃស្រុកកំពង់រោទិ៍)
៧.លោក យុង  យឿន (ប្រតិបត្តិបេក្ខភាពលេខ១ភ្លើងទៀន ឃុំព្រៃធំ ក៏ជាសមាជិកអចិន្រ្តៃស្រុកកំពង់រោទិ៍ស្វាយរៀង)
៨.លោក កើត សារឿន  (ប្រតិបត្តិបេក្ខភាពលេខ១ ភ្លើងទៀន ឃុំថ្មី ក៏ជាសមាជិកអចិន្រ្តៃស្រុកកំពង់រោទិ៍ស្វាយរៀង)

ម្លប់គណបក្សប្រជាជនកម្ពុជា គឺជាម្លប់សម្រាប់ខ្មែរទាំងអស់គ្នា អរគុណសន្តិភាព!

តាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ និងសមាជិក នៃគណបក្សភ្លើងទៀនបានឲ្យដឹងថា៖ មូលហេតុដែលពួកគាត់សម្រេចចិត្តចាកចេញពីគណបក្សភ្លើងទៀននេះ គឺពួកគាត់គ្មានជំនឿលើការដឹកនាំរបស់ប្រធានគណបក្សភ្លើងទៀន មិនពេញចិត្តចំពោះការដឹងនាំរបស់ប្រធានបក្ស មានអំពើពុករលួយ មិនស្តាប់ និងខ្វល់ក្នុងការដោះស្រាយបញ្ហាជូនសមាជិកនៃគណបក្ស គ្មានភាពជាអ្នកដឹកនាំ គ្មានសមត្ថភាពក្នុងការដឹកនាំ ដែលធ្វើឲ្យពួកគាត់ដឹកច្បាស់ថាគណបក្សនេះមិនអាចដឹកនាំអ្វីបាននោះទេ ទើបពួកគាត់សម្រេចចិត្តចាកចេញ និងចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹងនាំរបស់សម្តេចតេជោ ជាប្រធានគណបក្ស។ ក្នុងនោះផងដែរមន្ត្រីជាន់ខ្ពស់ និងសមាជិកបានចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឲ្យបងប្អូនដែលនៅគណបក្សភ្លើងទៀននៅក្នុងខេត្តស្វាយរៀង និងបងប្អូនទូទាំងប្រទេសសូមចូលរួមរស់ជាមួយគណបក្សប្រជាកម្ពុជា និង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីឈ្នះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ព្រោះគ្មានគណបក្សណាដែលសមត្ថភាព និងមានធនធានគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសដូចគណបក្សប្រជាជនកម្ពុជានោះទេ។

សូមរំលឹកផងដែរថា កន្លងមកឯកឧត្តម ដួង តារា បានទទួលជួបជាមួយបងប្អូនដែលមកពីគណបក្សផ្សេងៗ ដែលចង់រួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីបានជួបជាមួយបងប្អូនរួចឯកឧត្តមបានផ្ញើរបញ្ជីឈ្មោះបងប្អូនដែលចូលរួមជវីភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ទៅតាមបណ្តា ឃុំ ស្រុក ខេត្ត រាជធានីដែលបងប្អូនរស់នៅ ដើម្បីឲ្យប្រធានគណបក្សស្រុក ខេត្ត រាជធានី ពិនិត្យ និងសម្រេច បញ្ជូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា៕