ព័ត៌មានជាតិ

កិច្ចប្រជុំពិនិត្យ​ពិភាក្សាលើ​សេចក្តីព្រា​ងសេចក្តីណែនាំ ស្ដីពីនីតិវិធី នៃការត្រួត​ពិនិត្យលើ​ការផ្លាស់ប្ដូ​រស្ថានភាព​រដ្ឋបាល និងគ្រួសា​ររបស់មន្ត្រីរាជការស៊ីវិល​នៅថ្នាក់ក្រោមជាតិ

ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២២ នៅសាលាខេត្ត​កណ្ដាល បានបើ​កកិច្ចប្រជុំពិនិត្យ​ពិភាក្សា​លើសេចក្តីព្រាងសេចក្តីណែនាំ ស្ដីពីនីតិវិធី នៃការត្រួតពិ​និត្យលើការផ្លា​ស់ប្ដូរស្ថានភា​ពរដ្ឋ​បាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ ក្រោមគណៈអធិបតីភាព ឯកឧត្តម នូវប៉េ​ង ច័ន្ទតារាអភិបាលរងខេត្តកណ្ដាល និងឯកឧត្តម ហូត ស៊ី​នាដ អនុរដ្ឋលេ​ខាធិការក្រសួ​ងមុខងារសាធារណៈ ដោយបានការចូលរួមពីបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាល​ក្រុងស្រុកទាំង១១ផងដែរ។

 

ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបា​លរងខេត្តកណ្ដាលបានមានប្រសាសន៍ថា៖ ក្រោមការដឹក​នាំប្រក​បដោយគតិបណ្ឌិត និងប៉ិនប្រសព្វរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិកំពុងដើរ​លើមាគ៌ាជោគជ័យយ៉ាងត្រចះត្រចង់ ក្នុង​ការអភិវឌ្ឍប្រទេ​សជាតិដែលកាល​ពីអតីតកាលប្រទេស​ជាតិមួយនេះ ត្រូវបានបំផ្លិចបំផ្លាញ​ដោយ​ភ្លើងសង្គ្រាម មកជាប្រទេស​ជាតិមួយដែលមានទំហំសេដ្ឋកិច្ចធំ៣ ដងធៀបនឹងឆ្នាំ១៩៩០ និងជា​ប្រទេស​មានសន្តិភាពឯកភា​ពជាតិ អធិបតេយ្យភាព ស្ថេរភាពយោបាយសន្តិសុខ សណ្ដាប់​ធ្នាប់​សង្គម​ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពល្អប្រសើរ ថ្លៃថ្នូរ និងស្មើមុ​ខស្មើមាត់ជា​មួយបណ្ដាប្រ​ទេសដ​ទៃក្នុងឆាកអន្តរជាតិ ដែលការណ៍នេះបានផ្ដល់កាលានុវត្តភាពក្នុងការបន្តដំណើរអភិវឌ្ឍន៍ មុខឆ្លើយ​តបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន។

 

ឯកឧត្តមអភិបាលរងខេត្តបា​នបញ្ជាក់ថា៖ពាក់ព័ន្ធនឹង​ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាល​ខេត្តបានអនុវត្តតា​មគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់​រាជរដ្ឋាភិបា​ល​កម្ពុជា​ដែលមានគណៈកម្មាធិកា​រជាតិសម្រាប់ការអភិវឌ្ឍ​តាមបែបប្រជាធិប​តេយ្យនៅថ្នាក់​ក្រោម​ជាតិ ជាសេនាធិការក្នុងការផ្ដួចផ្ដើ​មដាក់ចេញលិខិតបទ​ដ្ឋានគតិយុទ្ធក្នុង​ការធ្វើកំណែទ​ម្រង់កាន់តែស៊ី​ជម្រៅលើប្រព័ន្ធអភិបាលកិច្ច របស់ស្ថាប័នរ​ដ្ឋក្នុងនោះសកម្ម​ភាពសំខាន់ៗ ដែលរដ្ឋ​បាល​ខេត្តបានអនុវត្តរួមមាន៖

បានបញ្ឈប់​ការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រុងស្រុក រួមទាំងការផ្ទេរមុខងារ និងធនធាន​ទៅឲ្យរដ្ឋបាលក្រុងស្រុក និងការធ្វើសមាហរណកម្ម ការរៀបចំបុគ្គលិកនៅតាមការិយាល័យ និង​អង្គ​ភាព​នានា ទៅក្នុងការរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុងស្រុក ការងារបណ្ដុះបណ្ដាល ពាក់​ព័ន្ធការអនុវត្តមុខងារទាំងនោះ។

ខិតខំអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដែលបានធ្វើឲ្យខេត្តកណ្ដាលឈានមុខគេ លើការវិ​ភា​ជន៍​ប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត សម្រាប់គម្រោងអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព។

បង្កើនកា​រយកចិត្តទុកដាក់លើការពង្រឹងយន្តការប្រាស័យទាក់ទង ការចែករំលែកព័ត៌មាន នឹងបន្តជំ​រុញយុទ្ធសាស្ត្រប្រាស័យទាក់ទងបែបទំនើបឲ្យបានទូលំទូលាយ មានការចូល​រួមពីអង្គការសង្គ​មស៊ីវិល និ​ងអ្នកពាក់ព័ន្ធនានា ។

 

ឯកឧត្តម ហូត ស៊ីនាដ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈមានប្រសាសន៍ថា៖ដោយអនុ​លោមទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោល ការណ៍វិ​មជ្ឈ​ការ និងវិសហមជ្ឈការតម្រូវឱ្យមានការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធប្រព័ន្ធ និងនីតិវិធី អនុវត្ត​ការ​ងា​ររបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលក្នុងនោះការៀបចំឡើងវិញនូវប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស គឺជាកិច្ចការដ៏មានសារៈសំខាន់ និងចាំបាច់មួយ។ ក្នុងន័យនេះ ដើម្បីផ្ដល់ នូវផែ​នទីបង្ហាញផ្លូវរយៈពេលវែង រាជរដ្ឋាភិបាលបានសម្រេ​ចដាក់ចេញនូវឯកសារគោ​លនយោបាយ ស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយ​បានកំ​ណត់នូវ គោលបំណង យុទ្ធសាស្ត្រនានា និងដំណាក់កា​លជាក់លាក់សម្រាប់​ការរៀបចំ​ឡើងវិញ និងអនុវត្តនូវ ប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានម​នុស្សរបស់រដ្ឋបា​លថ្នាក់ក្រោមជាតិប្រ​កបដោយភាពប្រាកដប្រជា លើកកម្ពស់ភាពជាម្ចាស់ គណនេយ្យភាព ឆ្លើយតបបានយ៉ាងមា​នប្រសិទ្ធភា​ពទៅ​នឹងតម្រូវការអភិវឌ្ឍ ជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងស្របតាម​ដំណើរការនៃ​ការផ្ទេរមុខងារ និងធនធានទៅឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ ៕

Leave a Reply

Your email address will not be published.