
ប្រព័ន្ធលូរំដោះទឹកធម្មជាតិប្រវែង ១,១០៤ម៉ែត្រ នៅភូមិស្វាយជ្រំ បានបើកការសាងសង់ក្រោមអធិបតីភាពឯកឧត្តម រស់ ភីរុណ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្វាយជ្រំ រួមទាំងលោកអភិបាលស្រុក មេឃុំ មន្ត្រីរាជការ និងសប្បុរសជនជាច្រើនរូប!
កណ្តាល៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម រស់ ភីរុណ ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានអញ្ចើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធលូធម្មជាតិ ក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានប្រវែង១,១០៤ម៉ែត្រ។
ក្នុងពិធីនោះក៏មានការអញ្ចើញចូលរួមពីលោក ចាន់ តារា ប្រធានក្រុមការងារលេខាធិការដ្ឋានស្រុកខ្សាច់កណ្តាល ចុះជួយឃុំស្វាយជ្រំ តំណាងលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល,
លោក ប៊ុន បាន មេឃុំស្វាយជ្រំ,ព្រះសង្ឃចំនួនពីរអង្គនាក់ រួមទាំងមន្ត្រីរាជការ ក្រុមយុវជន ស.ស.យ.ក កងកម្លាំង ប្រជាពលរដ្ឋ រួមទាំងសប្បុរសជន ដែលមានចំនួនសរុបចំនួន ២០៩ អង្គនាក់។
ក្នុងពិធីនោះឯកឧត្តម រស់ ភីរុណ បានមានមតិសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ មន្ត្រីរាជការ និងបានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានចូលរួមក្នុងការកសាងប្រព័ន្ធលូជូនប្រជាពលរដ្ឋ។
ចំណែកលោក ប៊ុន បាន មេឃុំស្វាយជ្រំក៏បានមានមតិសំណេះសំណាលថ្លែងអំណរគុណឯកឧត្តមគណៈអធិបតី ថ្លែងអំណរគុណថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ រួមទាំងសប្បុរសជន ដែលបានចំណាយថវិកាឧបត្ថមក្នុងការសាងសង់ប្រព័ន្ធលូនេះផងដែរ។
សប្បុរសជនដែលចូលរួមមាន លោក សយ ឡាត, ម្ចាស់បុរីចតុមុខ, ម្ចាស់បុរី វីឡា ទួលសង្កែ, លោក អាន សំអន នាយកក្រុមហ៊ុន និងលោក ផុង គីមឡុង នាយរងក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ–អរិយក្សត្រ។
ចុងបញ្ចប់នៃកម្មវិធីក៏មានការប្រគល់ជូនលិខិតថ្លែងអំណរគុណជូនសប្បុរសជនដែលបានចូលរួម។ ហើយប្រជាពលរដ្ឋក៏មានការសប្បាយរីករាយ និងអបអរសាទរ ពេលដែលមានប្រព័ន្ធលូ ដើម្បីរំដោះទឹកជូនពួកគាត់៕