
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ប្រមាណជាង ៤ពាន់នាក់
(ភ្នំពេញ)៖មានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤.៧០៥ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅពេលខាងមុខនេះ នឹងមានគ្រឹះស្ថានឧត្ដមសិក្សាបរទេសមួយចំនួនទៀត នឹងមកបើកដំណើការនៅកម្ពុជា ដែលនឹងផ្ដល់ឱកាសឲ្យកូនខ្មែរយើងបានសិក្សានៅក្នុងប្រទេសដោយមិនចាំបាច់ទៅសិក្សានៅបរទេសដែលមានការចំណាយច្រើននោះ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានរំលឹកឡើងវិញដល់ក្រសួងស្ថាប័នឱ្យមានការជំរុញការជ្រើសរើសស្ដ្រីចូលបម្រើការងារនៅក្នុងក្របខណ្ឌមន្រ្ដីរាជការ ជាពិសេសអាចឱ្យស្រ្ដីចូលកាន់តំណែងនៅតួនាទីរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការរបស់ក្រសួង,ស្ថាប័ន នីមួយៗផងដែរ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៅដល់និស្សិតដែលបញ្ចប់ការសិក្សាទាំងអស់ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីសិក្សាស្វែងយល់បន្ថែមទៀត តាមរយៈ ការបង្កើនចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ដោយមិនត្រូវធ្វេសប្រហែសឡើយ ហើយការសម្រេចចិត្តរបស់សម្ដេចគឺពិតជាត្រឹមត្រូវ ដែលបានបើកឱកាសឱ្យវិស័យឯកជនចូលរួមក្នុងវិស័យអប់រំ ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ឧត្ដមសិក្សា ដើម្បីអាចឱ្យសិស្ស និស្សិតអាចជ្រើសរើសគ្រឹះស្ថានឧត្ដមសិក្សាក្នុងការសិក្សារបស់ពួកគេ។
ពាក់ព័ន្ធនឹងការចាប់ខ្លួនបុគ្គលពីររូប ដែលបានប្រមាថព្រះចេស្តារព្រះករុណា ព្រះមហាក្សត្រ ក្នុងពេលព្រះអង្គគង់នៅ និងជាព្រះរាជវត្តមានដ៏វិសេសវិសាល ប្រោសព្រះរាជប្រទានព្រះអគ្គិកីឡាសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត គឺជាសកម្មភាពប្រមាថមួយមិនអាចអត់ឱន និងលើកលែងបានឡើយ។ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យទូរទស្សន៍ទាំងអស់ចាក់ឡើងវិញទាំងអស់នូវកម្មវិធី ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ហើយឲ្យពិនិត្យឡើងវិញថាតើមានចំណុចសកម្មភាពណាដែលចាត់ទុកថា ជាការប្រមាថព្រះចេស្ដាព្រះអង្គនោះ។
ទន្ទឹមនោះសម្តេចតេជោ បានប្រកាសដល់អ្នកវិភាគមួយចំនួនពាក់ព័ន្ធការឡើងផ្កាយ៤ របស់ឯកឧត្តម ហ៊ុន ម៉ាណែត។ សម្តេចប្រកាសថា សម្តេចមិនហៅអស់លោកអ្នកវិភាគទាំងនោះជា«អាល្ងង់ទូទេ» សម្តេចសូមហៅថា «ជាបណ្ឌិតខ្វះការយល់ដឹង»ពាក់ព័ន្ធនឹងឋានន្តរស័ក្តិរបស់កងទ័ព។សម្តេចតេជោបានបន្តថា ពេលនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ចេញពីមេបញ្ជាការកងទ័ពជើងគោក មកធ្វើនយបាយ អ្នកដែលត្រូវមកជំនួស គឺមេបញ្ជាការរងកងទ័ពជើងគោកបច្ចុប្បន្ន គឺឯកឧត្តម ម៉ៅ សុផាន់ (មេកងពល ង៧០)មិនមែនជា ឯកឧត្តម ហ៊ុន ម៉ានិត នោះទេ៕